Friday, October 6, 2017

របបប្រជាធិបតេយ្យ​

  1. និយមន័យពាក្យថា​​ «ប្រជាធិបតេយ្យ»​ ពាក្យថា​ ​«ប្រជាធិបតេយ្យ» ​ភាសាអង់គ្លេសថា​​ «Democracy» ​​ភាសាក្រិចមាន ២ ពាក្យថា​ ​​«Demos» មានន័យថា​ «​ប្រជាជន​» និងពាក្យថា​ ​«​Kratos» មានន័យថា «អំណាច​» កាលបើរួមពាក្យទាំងពីរនេះចូលគ្នាមានន័យថា ​«​អំណាចរបស់ប្រជាជន» ឬថា «​ប្រជាជនជាម្ចាស់នៃអំណាច​»​ ។
  2. ចំណែកភាសាខ្មែរ  ដែលមានមូលដ្ឋាន មកពីភាសាបាលី​ និងភាសាសំស្រ្កឹតវិញថា​​ «ប្រជាធិបតេយ្យ» ញែកចេញជា ២ ពាក្យ គឺ​ «បជា» ឬ «ប្រជា» មានន័យថា « ពួកសត្វ»  ​ឬ «ប្រជាជន» និងមួយពាក្យទៀតថា  «​អធិបតេយ្យ» មានន័យថា​ «ភាពជាធំ»​​ ​ឬ«អំណាច» ​រួមទាំងពីរពាក្យនេះ ចូលគ្នា ទៅជា «ប្រជាធិបតេយ្យ» មានន័យថា «ប្រជាជនជាធំ» ឬ «ប្រជាជនជាម្ចាស់ នៃអំណាច»​ ។ ចំណែកនៅក្នុងវចនានុក្រម របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបោះពុម្ភផ្សាយ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថា  ​«ប្រជាធិបតេយ្យ» មានន័យថា ​«ភាពនៃប្រទេស ដែលមានប្រជារាស្រ្ត ជាអធិបតី​​ គឺប្រទេស​ ឬរដ្ឋបាល ដែលមានប្រជាជនជាធំ ក្នុងការជ្រើសរើសតំណាង របស់ខ្លួន ឲ្យជាអ្នកសម្រេច កិច្ចការក្នុងប្រទេស » ។

ពិតណាស់ សមដូចលោក​រូស្ស៊ីអូ (Rousseau) ជាទស្សនៈ វិទូបារាំង​ នាសតវត្សទី​ ៨ បានពោលថា​​ «​គោលការណ៍ របស់ប្រជាធិបតេយ្យ គឺប្រជាជនទាំងមូល ជាម្ចាស់ នៃអធិបតេយ្យ ហើយប្រជារាស្រ្តខ្លួនឯង ជាអ្នកប្រើប្រាស់អធិបតេយ្យនោះ​» ។ ក្នុងន័យនេះ ប្រធានាធិបតីទី ១៦ ​របស់សហរដ្ឋអាមេរិក​ គឺលោក Abraham Lincoln បានពោលថា​ «​រដ្ឋាភិបាល (អំណាច) ​ ជារបស់ប្រជាជន​ ដោយប្រជាជន​ និងដើម្បីប្រជាជន​» ។​

ដូច្នេះបញ្ជាក់ឲ្យឃើញថា​ រដ្ឋាភិបាល ដែលមានអំណាច​ បានក្លាយជាមេដឹកនាំ និងបានភាពជាធំ​ គឺប្រជាជន ជាអ្នកប្រគល់អំណាចឲ្យ​​ ដើម្បីដឹកនាំរដ្ឋ ឬប្រទេសជំនួសពួកខ្លួន​​ (Representative) ដោយខ្លួនមិនចាំបាច់មកអង្គុយក្នុងសភា​មិនចាំបាច់សម្រេច នូវរាល់កិច្ចការនានា រវាងរដ្ឋមួយ ទៅរដ្ឋមួយផ្សេងទៀត (Foreign Affairs) ដូចជា ការចុះសន្ធិសញ្ញានានា​ (Treaties) ការប្រកាសង្រ្គាម  ​ការចរចារ ​(Negotiation) ឬការស្វែងរកសន្តិភាព ដោយផ្ទាល់ឡើយ​ ព្រោះគេមានប្រមុខរដ្ឋរបស់ពួកគេ ដែលគេជ្រើសរើសរួចហើយ ដោយសម្លេងភាគច្រើន ​ឲ្យចេញមុខជំនួស ​។ ​មេដឹកនាំ ឬរដ្ឋាភិបាលនោះ​​ ជាអ្នកធានា ឬនាំមកនូវសមភាព តុល្យភាព​ សុវត្ថិភាព ​ស្ថេរភាព ភាតរភាព សិទ្ធិសេរីភាព ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ និងដឹកនាំរដ្ឋទៅកាន់ភាពរុងរឿង ដោយទទួលបាននូវកិត្យានុភាព និងទទួលស្គាល់លើឆាកអន្តរជាតិ​ឲ្យដល់ម្ចាស់អំណាច គឺពលរដ្ឋ ដែលមានវត្តមាននៅក្នុងសង្គម ឬនៅក្នុងរដ្ឋនោះៗ​​​ ។ ​ដូច្នេះអំណាចនេះ គឺជារបស់ប្រជាជន​​ ដោយប្រជាជន​ និងដើម្បីប្រជាជន​ ។

ប្រជាធិបតេយ្យមាន២ប្រភេទគឺ

  1. ១-ប្រជាធិបតេយ្យដោយត្រង់ (Directive Democracy)​ មានន័យថា​ ប្រជាជន​ដែលរស់នៅក្ នុងសង្គម ឬរដ្ឋនោះៗ មានសិទ្ធិសេរីភាពស្មើៗ គ្នា​ ក្នុងការរស់នៅ​ ក្នុងការប្រកបមុខរបរ ​មិនថាផ្នែកសេដ្ឋកិច្ច​ មិនថាផ្នែកនយោបាយ​ គឺគ្រប់គ្នារួមគ្នា ជាកម្លាំងមួយ​ ជួយអភិវឌ្ឍន៍សង្គម​ ឬរដ្ឋ​ ថែមទាំងជួយដោះស្រាយរាល់បញ្ហា ដែលពួកខ្លួនត្រូវប្រឈមមុខ​ ទៀតផង ​។ ប្រជាធិបតេយ្យបែបនេះ ច្រើនឃើញមាននៅ  ក្នុងសម័យក្រិចបុរាណ​ ។​ សព្វថ្ងៃ ប្រជាធិបតេយ្យដោយត្រង់​ (Directive Democracy) ​នេះ​ មិនឃើញមានវត្តមាន នៅលើប្រទេសនានាឡើយ ​តែក៏ឃើញមានប្រើនៅ ក្នុង​សង្គមតូចៗ​ ដូចជា​ សមាគមន៍ សហគមន៍​ ឬអង្គការនានាផងដែរ​ ។
  2. ២-ប្រជាធិបតេយ្យដោយតំណាង (Representative Democracy) មានន័យថា​​ គឺពលរដ្ឋជ្រើសរើសតំណាង របស់ខ្លួនដែលខ្លួនយល់ឃើញថា​ មានសមត្ថភាពដើម្បីដឹកនាំរដ្ឋ​ដោយសន្លឹកឆ្នោត ។ ​ប្រជាធិបតេយ្យបែបនេះ​ ​គឺឲ្យតំលៃខ្លាំងណាស់ទៅលើបុគ្គល ដែលមានសុឆន្ទៈ​ មានសុទិដ្ឋិនិយម ​មានទស្សនៈវិស័យល្អ មានសមត្ថភាព ថែមទាំងឲ្យតំលៃទៅលើសិទ្ធិសេរីភាព​​ កម្មសិទ្ធិឯកជនផងដែរ ។


ចំនុចសំគាល់របស់របបប្រជាធិបតេយ្យ​ ក៏គឺនៅត្រង់​
  • -ពហុបក្ស​ (Multi-parties)
  • -ការបោះឆ្នោត​​
  • -ការកំណត់អាណត្តិ
  • -គោរពសម្លេងភាគច្រើន
  • -ការ​បែង​ចែក​អំណាច
  • -មួយនាក់មួយសន្លឹក ​​
  • -មិនបន្លំសន្លឹកឆ្នោត
  • -ជ្រើសរើសម្នាក់ក្នុងចំណោមគណបក្សដែលឈ្នះឆ្នោត
  • -គាំទ្រឲ្យមានទីផ្សារសេរី ។

  1. ពហុបក្ស មានន័យថា​ គណបក្សមានចាប់ពីពីរគណៈបក្សឡើងទៅ ហើយ​គណបក្ស​ទាំង​អស់​មាន​ការ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​រង្វង់​ច្បាប់​ ។
  2. ការបោះឆ្នោត មានន័យថា សង្គម​ ឬរដ្ឋាភិបាល​នោះ​ មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង​ ឃុំ សង្កាត់ ទាំង​អស់។​​ កាល​ណាមាន​ការ​បោះ​ឆ្នោត​ទូលំ​ទូលាយ​អញ្ចឹង​ នេះ​ហើយ​ជា​លក្ខណៈ​នៃ​ប្រជាធិបតេយ្យ​ ​ឬក៏​​ប្រើ​ពាក្យ​មួយ​ថា Democratization ភាសាខ្មែរ​ថា ប្រជាធិបតេយ្យ​ភាវូបនីយ​កម្ម​ ។
  3. ការកំណត់អាណត្តិ មានន័យថា បីឆ្នាំ បួនឆ្នាំ ឬ ប្រាំឆ្នាំ ។ល។ មានការបោះឆ្នោតសារជាថ្មី ។
  4. គោរពសម្លេងភាគច្រើន មានន័យថា រាល់​កិច្ច​ការ​នយោបាយ​ កិច្ច​ការ​ធំ​របស់​ជាតិ​​ត្រូវ​បាន​សម្រេច​ដោយ​មតិ​ភាគ​ច្រើន​ គឺ​ចង់​និយាយ​​ថា ៥០+១ ។
  5. មាន​ការ​បែង​ចែក​អំណាច ​មានន័យថា​​ មានការបែងចែកអំណាចដាច់ពីគ្នា រវាង​​​អំណាច​នីតិបញ្ញតិ្ត​ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ ​។​
  6. មួយនាក់មួយសន្លឹក ​មានន័យថា ប្រជាពលរដ្ឋមួយនាក់ មានសទ្ធិជ្រើសរើសអ្នកតំណាង ឬបោះឆ្នោតឲ្យបេក្ខជន ឬបេក្ខនារីទាំងនោះ បានតែមួយសម្លង ឬមួយសន្លឹកប៉ុណ្ណោះ ។
  7. មិនបន្លំសន្លឹកឆ្នោត មានន័យថា ការគណនាសម្លេងឆ្នោត ត្រូវសុក្រឹតភាព ដោយជៀសវាងជាខាច់ខាតនូវការបំភាន់ ក្លែងបន្លំ និងត្រូវតែគេចឲ្យផុតនូវរាល់អគតិ គឺការរាប់សម្លងឆ្នោត មានភាពទៀងត្រង់ មិនលំអៀង ។
  8. ជ្រើសរើសម្នាក់ក្នុងចំណោមគណបក្សដែលឈ្នះឆ្នោត មានន័យថា សមាជិកក្នុងបក្ស ដែលឈ្នះឆ្នោត​ទាំងអស់ ត្រូវជ្រើសរើសម្នាក់ ដែលមានសុឆន្ទៈ មនោគតិ ឧត្តមគតិ មានវិចារណញ្ញាណ មានទស្សនវិស័យល្អ គិតបានល្អ ជាវាគ្មិន មានវោហារស័ព្ទ ប្រសប់ជានិយាយ ថែមទាំងជាបុគ្គលដែលខ្មីឃ្មាត ឧស្សាហ៍ និងសកម្មក្នុងកិច្ចការបក្ស និងសាធារណប្រយោជន៍ទៀតផង ពោលគឺជាបុគ្គលដែល «​គិតយ៉ាងណា និយាយយ៉ាងណា ធ្វើយ៉ាងនោះ »  ‍ឲ្យធ្វើឯកភាពជានាយករដ្ឋមន្រ្តី ។  
  9. គាំទ្រឲ្យមានទីផ្សារសេរី  មានន័យថា ជាទីផ្សារសម្រាប់សាធារណជន ដើម្បីលក់-ទិញ-ដូរ គឺជាទីផ្សារដែលមានការបើកចំហរ ។ល។ ទីផ្សារនេះ គឺឲ្យតំលៃទៅលើបុគ្គល ឬមូលធនបុគ្គលទាំងក្នុង និងក្រៅស្រុក  ។
  10. ចំណុច​ទាំងនេះ​ហើយ​ គឺជា​ចំណុច​សម្គាល់​ថា (រដ្ឋ​មួយ សង្គម​មួយ​ ឬក៏​រដ្ឋាភិបាល​មួយ​កំពុង​តែ​ដើរ​តាម​​​ផ្លូវ) ​ប្រជា​ធិបតេយ្យ​​ពិត​​ ។​
លទ្ធិប្រជាធិបតេយ្យ
  1.           និយមន័យ៖ លទ្ធិប្រជាធិបតេយ្យ គឺជាការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ ដើម្បីវត្ថុបំណងរបស់ប្រជា ពលរដ្ឋ ក្នុងគោលបំណងគ្រប់គ្រងកាន់អំណាច នៅក្នុងដៃរបស់ប្រជាពលរដ្ឋ ជាប្រចាំនិងជារៀង រហូរ ។ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិជាម្ចាស់ទឹក ដី ម្ចាស់វាសនានិងម្ចាស់អំណាច ហើយបាន ប្រើប្រាស់សិទ្ធិនោះ ដោយឥតមានការភ័យខ្លាច(ជាប្រជាធិបតេយ្យដោយផ្ទាល់)ប្រជាពលរដ្ឋទាំង អស់ចូលរួមសម្រេចកិច្ចការងាររដ្ឋទាំងអស់គ្នា និង មួយទៀត​(ប្រជាធិតេយ្យមិនផ្ទាល់)ការប្រគល់ សិទិ្ធសម្រេចនិងការទទួលខុសត្រូវទៅអោយអ្នកតំណាងតាមរយៈ ការផ្ទេសិទិ្ធដោយការបោះ ឆ្នោត (ហៅថាប្រជាធិបតេយ្យតំណាង)
  2. ប្រជាធិតេយ្យបង្កើតអោយមានការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហា រួមរបស់ប្រជាពលរដ្ឋ។ គោលបំណងនៃប្រជាធិតេយ្យ (ដោយផ្ទាល់ក្តី ដោយមិនផ្ទាល់ក្តី) ធ្វើយ៉ាង ណាក៏ដោយអោយ តែរក្សាឲ្យបាននូវភាពជាម្ចាស់ របស់ប្រជាពលរដ្ឋទៅលើអ្នកតំណាង  ទាំង អស់ របស់ប្រជាពលរដ្ឋលើទឹកដីមួយ ដែលជាគោលការណ៍ធ្វើយ៉ាងណាអោយ អំណាចប្រជា ពលរដ្ឋ និង អំណាចរដ្ឋាភិបាល ត្រូវមានតុល្យភាព និងគ្នា មិនអនុញ្ញត្តអោយអំណាចណាមួយ លុបលើគ្នា ឬ គ្រប់គ្រងបញ្ជាលើគ្នាបានជាដាច់ខាត ប៉ុន្តែមានតែច្បាប់មួយទេដែល គ្របដណ្តប់ លើមនុស្សទាំងអស់នៅក្នុងសង្គម លើគ្រប់សកម្មភាពទាំងអស់កំណត់ដោយច្បាប់ដែល ចេញពី រដ្ឋសភា នោះទើបភាពជាម្ចាស់អាចរក្សាបាន មកដល់ចំនុចនេះក្រុមយើងសូមលើកយក យន្តការ មកការពារភាពជាម្ចាស់របស់ប្រជាពលរដ្ឋនេះ ដែលក្រុមយើងសូមលើកយកមកបញ្ជាក់ដែល ក្រុម យើងធ្វើការស្រាវជ្រាវ ហើយបានដកស្រងបាននូវលក្ខណៈ ៨ចំនុច ដែលក្រុមយើងគិតថា វា អាចរក្សាអំណាចក្នុងដៃប្រជាពលរដ្ឋបានជារៀងរហូត មានជាអាទិ៍៖
  • ១. ​ត្រូវ​កំណត់​អា​ណត្តិ​នា​យក​រដ្ឋ​មន្រ្តី​ ( ត្រឹម​ពីរ​អា​ណត្តិ​ ) ៖ ​ការ​កំណត់​ត្រឹម​ពីរ​អា​ណត្តិ​នេះ​ គឺ​ជៀស​វាង​កុំ​ឲ្យ​នាយ​ក​រដ្ឋ​មន្រ្តី​ មាន​ឱ​កាស​បង្កើត​ជា​បណ្តាញ​ខ្សែ​រយៈ​ គ្រួសារ​ បក្ស​ពួក​ក្នុង​គ្រប់​ស្ថា​ប័ន​រដ្ឋ​ពង្រឹង​អំណាច​រហូត​ដល់​បង្កើត​ជា​ របប​ផ្តាច់​ការ​ បក្ស​ពួក​ក្រុម​គ្រួសារ​និយម​បំផ្លាញ​ដល់​ផល​ប្រ​យោជន៍​ជាតិ​និង​ប្រ​ជាជន​។​
  • ២. ​នាយក​រដ្ឋ​មន្រ្តី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ក្រុម​អង្គ​រក្ស​ដោយ​ ខ្លួន​ឯង​ ៖ ​ការ​ បង្កើត​ក្រុម​អង្គ​រក្ស​ដោយ​ខ្លួន​ឯង​ ស្មើ​នឹង​ការ​បង្កើត​ក្រុម​ប្រ​ដាប់​អាវុធ​មួយ​អាច​ជា​លទ្ធ​ភាព​យក​ទៅ​ បំរើ​មហិ​ច្ឆិតា​អ្នក​គ្រប់​គ្រង​ ធ្វើ​ការ​គៀប​សង្កត់​ ឬ​គំរាម​កំហែង​ដល់​ប្រជា​ពល​រដ្ឋ​ ដើម្បី​រក្សា​និង​បន្ត​ក្រាញ​ក្នុង​អំណាច​របស់​ខ្លួន​។
  • ៣. ​នាយក​​រដ្ឋ​មន្រ្តី​ត្រូវ​រស់​នៅ​ក្នុង​និ​វេសន​ដ្ឋាន​ដែល​ផ្តល់​ដោយ​រដ្ឋ​ ៖ ​គឺ​ជា​វិធាន​ការ​ ជួយ​ដល់​ការ​ការ​ពារ​សន្តិ​សុខ​ និង​ទំនុក​បំរុង​ជី​វភាព​គ្រួសារ​នាយក​រដ្ឋ​មន្រ្តី​ ប្រកប​ដោយ​ សុខុ​មាល​ភាព​ និង​សេច​ក្តី​ថ្លៃ​ថ្នូរ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​បំពេញ​ការងារ​ ទទួល​ខុស​ត្រូវ​ខ្ពស់​ បំរើ​ ប្រទេស​ជាតិ​ ហើយ​ក៏​ជា​ការ​ផ្តល់​ មុខ​មាត់​ដល់​ប្រ​ទេស​ជាតិ​ផង​ដែរ។​
  • ៤. ​បង្កើត​តុលា​ការ​រដ្ឋ​បាល​ ៖ ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពល​រដ្ឋ​ ប្តឹង​ចំពោះ​ទង្វើ​មិន​សម​ស្រប​ ឬ​រំលោភ​របស់​មន្រ្តី​រាជ​ការ​ ក្នុង​ការ​បំពេញ​ការងារ​ ឬ​ពល​រដ្ឋ​អាច​ប្តឹង​ឲ្យ​ស្ថា​ប័ន​នេះ​ពិនិត្យ​លើ​ភាព​មិន​ស្រប​ច្បាប់​ នៃ​លិខិត​ស្នាម​ ឬ​សេច​ក្តី​សម្រេច​ ផ្សេងៗ​ចេញ​ដោយ​អង្គ​ភាព​រដ្ឋ​បាល​សា​ធារណៈ​គ្រប់​ជាន់​ថ្នាក់​។
  • ៥. ​ឋានន្ត​រ​សក្តិ៍​ចាប់​ពី​ឧត្តម​សេនីយ៍​យោធា​ និង​នគ​របាល​ត្រូវ​សុំ​សេចក្តី​ទុក​ចិត្ត​ពី​សភា​ ៖ ​វិធាន​ការ​នេះ​ គឺ​ដើម្បី​ឲ្យ​សភា​ជា​តំណាង​របស់​ពល​រដ្ឋ​ អាច​មាន​ឥទ្ធិ​ពល​ខ្លះ​ទៅ​លើ​នាយ​ទា​ហាន​ និង​ នាយ​នគ​របាល​ជាន់​ខ្ពស់​ ដែល​ជា​អ្នក​បញ្ជា​លើ​កង​កំលាំង​ប្រដាប់​អាវុធ​ រក្សា​បូរណ​ភាព​ទឹក​ដី​ និង​សន្តិ​សុខ​ ស្ថេរ​ភាព​សង្គម ​ហើយ​ក៏​អាច​ជួយ​ទប់​ស្កាត់​ ការ​ប្រើ​ប្រាស់​កង​កំលាំង​ប្រដាប់​ អាវុធ​ជា​ឧប​ករណ៍​ផ្តាច់​ការ​របស់​មេ​គណ​បក្ស​កាន់​អំណាច​ផង​ដែរ​។
  • ៦. ​អព្យា​ក្រិត្យ​មន្ត្រី​រាជ​ការ​ ៖ ​ការ​ដាក់​ឲ្យ​អនុ​វត្ត​ចំណុច​នេះ​ គឺ​ដើម្បី​ធានា​ការ​ចាត់​តាំង​បែង​ចែក​ការ​ងារ​ដល់​មន្រ្តី​រាជ​ការ​ចំជំ​នាញ​ ស្រប​តាម​សម​ត្ថភាព​ បទ​ពិសោធន៍​ការ​ងារ​ និង​ផ្តល់​នូវ​សេច​ក្តី​ថ្លៃ​ថ្នូរ​ដល់​មន្ត្រី​រាជ​ការ​ដែល​ជា​ភ្នាក់​ងារ​ របស់​រដ្ឋ​ ។ ​ដូច្នេះ​ មន្ត្រី​រាជ​ការ​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​មិន​លំ​អៀង​។ ​ចៀស​វាង​ការ​ប្រើ​ប្រាស់​មន្ត្រី​រាជ​ការ​ជា​ឧបករណ៍​ឃោសន​បំរើ​ប្រ​យោជន៍​គណ​បក្ស​។
  • ៧. ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ ជ្រើស​រើស​ ឬ​ទំលាក់​តំណាង​ឃុំ​-សង្កាត់​/ក្រុង​-ស្រុក​-ខណ្ឌ​/​ខេត្ត​-​រាជ​ធានី​ ៖ ​គឺ​ជា​វិធាន​ការ​ ធ្វើ​ឲ្យ​តំណាង​ពល​រដ្ឋ​គ្រប់​លំដាប់​ថ្នាក់​ ទទួល​ខុស​ត្រូវ​ផ្ទាល់​ ចំពោះ​មុខ​ប្រជា​ពល​រដ្ឋ​ ដែល​ជា​ម្ចាស់​ អំណាច​ ហើយ​ក៏​ជួយ​កាត់​ផ្តាច់​ខ្សែ​រយៈ​បក្ស​ពួក​ ពី​ថ្នាក់​ជាតិ​ ដល់​មូល​ដ្ឋាន​ដែល​ជា​ចំណុច​ផ្តើម​ នៃ​ការ​កកើត​ នូវ​អំណាច​ផ្តាច់​ការ​។​
  • ៨. ​ប្រើ ​ប្រព័ន្ធ​ឯក​ត្ត​នាម​សំរាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ ៖ ប្រព័ន្ធ​ឯក​ត្តនាម​នេះ​ បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ឥទ្ធិ​ពល​របស់​មេ​បក្ស​ទៅ​លើ​អ្នក​តំណាង ​រាស្រ្ត​។ ​ឥទ្ធិ​ពល​មេ​បក្ស​អាច​ធ្វើ​ឲ្យ​តំ​ណាង​រាស្រ្ត​ បាត់​ឯក​រាជ្យ​ភាព​ ខ្វល់​ខ្វាយ​តែ​ផល​ប្រ​យោជន៍​បក្ស​ខ្លួន​ ជា​ជាង​គិត​គូរ​ដល់​ផល​ប្រ​យោជន៍​ប្រជា​ពល​រដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​។​ តំណាង​រាស្រ្ត​មាន​ឯក​រាជ្យ​ និង​សេរី​ភាព​គ្រប់​គ្រាន់​ ដោយ​គ្មាន​រង​សម្ពាធ​ពី​ជន​មាន​ឥទ្ធិ​ពល​ណា​ម្នាក់​នោះ​ តំណាង​រាស្រ្ត​នោះ​អាច​បំពេញ​ការ​ងារ​ជួយ​កែ​តម្រង់​រដ្ឋាភិ​បាល​ យ៉ាង​មាន​ប្រសិទ្ធ​ភាព ​និង​រៀប​ចំ​ធ្វើ​ច្បាប់​ណា​ដែល​បំរើ​ដល់​ផល​ប្រ​យោជន៍​ជាតិ​ និង​ផល​ប្រយោជន៍​ប្រ​ជាជន​ពិត​ៗ​។
          ក. ខ្លឹមសារនៃពាក្យប្រជាធិបតេយ្យ
ដើមកំណើតនៃប្រជាធិបតេយ្យ គឺមកពីពាក្យបុរាណក្រិច។ ពាក្យក្រិច “DEMOS”មានន័យ ថា ប្រជាជន ហើយពាក្យ “KRATOS”មានន័យថាអំណាច រឺ គ្រប់គ្រង ដូចនេះការចំលងទៅជា ភាសាអង់គ្លេស ជាពាក្យថា “Democracy”ដែលមានន័យថា គ្រប់គ្រងដោយអំណាចប្រជាជន រឺ ម្យ៉ាងទៀតដើម្បីយល់អោយបានច្បាស់នូវអ្វីទៅហៅថាប្រជាធិបតេយ្យ (Democracy)គប្បីចាំបាច់ ញែកពាក្យ “ប្រជាធិបតេយ្យ” ជាពីផ្នែក គឺប្រជា និង អធិបតេយ្យ។ប្រជា មានន័យថា ប្រជាជន ចំណែកឯអធិប គឺភាពធំ រឺ អំណាច ។ ប្រជាធិបតេយ្យ មានន័យថា ប្រជាជនមានភាពធំ(សិទ្ធិ) + អំណាចជារបស់ប្រជាពលរដ្ឋ(ការប្រើសិទ្ធិ) ដែលមានទំរង់រូបមន្តCHECKANDBALANCE =  តុល្យភាព + ត្រួតពិនុត្យ = តុល្យភាព + អំណាច។ជាគោការណ៍ទូទៅនោះមានន័យថា គឺសង្កត់ធ្ងន់ទៅលើ តុល្យភាពអំណាច រវាងប្រជាពលរដ្ឋ និង អ្នកកាន់ការងាររដ្ឋ គឺរៀបចំ ប្រព័ន្ធ យ៉ាងណា យន្តការយ៉ាងណា កុំអោយអំណាចរដ្ឋវាប្រមូលផ្តុំ ។

          ប្រជាធិបតេយ្យ  ជាពាក្យមួយដែលមានមនុស្សមួយចំនួន  មានការយល់ច្រឡំ និង មាន ការប្រើប្រាស់មិនទាន់ត្រឹមត្រូវនៅឡើយ។ជាពិសេសគឺនៅក្នុងតំណាក់កាលដែលរបបកុំម្មុយនីស្តផ្តាច់ការបានគ្រប់គ្រងសង្គម និង របបយោធានិយមផ្តាច់ការឆ្លៀតពេលប្រជាជនល្ងង់ យកពាក្យ ប្រជាធិបតេយ្យ មកពាក់ពីខាងក្រៅ ដើម្បីបន្លំភ្នែកមហាជនយកការគាំទ្រ ទោះជាយ៉ាងណា ក៏ដោយ គំនិតនៃលទ្ធិប្រជាធិតេយ្យ បានរំលឹកឡើងវិញពីឆន្ទៈចូលរួម និងបញ្ហាការមិនរីចំរើន ជឿនលឿន ។

          លោក អាប្រាហំ លិនកុន​ (Abraham Lincon)វិញគាត់បានកំណត់ថា ប្រជាធិតេយ្យ គឺជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ កើតឡើងពីប្រជាពលរដ្ឋ ដើម្បីវត្ថុបំណងរបស់ប្រជាពលរដ្ឋ   សរុបអោយខ្លីមក អាចសង្ខេបបានថា ប្រជាធិតេយ្យ ជា “ស្ថាប័នភាវូបណីកម្មនៃសេរីភាព ដែលយកច្បាប់ជាគោលការណ៍គ្រិះ” ។ វាបង្កើតអោយមានសេរីភាព សិទ្ធិមនុស្សតាមរយៈ អនុវត្តច្បាប់ស្មើរមុខគ្នា ប្រើប្រាស់ច្បាប់ជាសារវន្ត័នៃច្បាប់ ។
          ខ. ប្រភព
        តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា លទ្ធិប្រជាធិតេយ្យមានប្រភពចេញពីក្រុងអាថែន នៃប្រទេសក្រិច នៅក្នុងសតវត្សទី ៥ មុនគ.ស ។ ពាក់កណ្តាល សតវត្សទី ២០ នៅសម័យនោះ​មានប្រទេស ប្រកាន់លទ្ធិនេះមិនសូវច្រើនប៉ុន្មាន ហើយក៏មិនគង់វង្សយូប៉ុន្មានឡើយ ដោយសារតែរបបកំពុងគ្រប់គ្រងយកមនោគមន៍វិជ្ជាកុំម្មុយនីស្ត​ ជាមគ្គុទេ្ទសក៍។

          តាមប្រវត្តសាស្ត្រគេសង្កេតឃើញថា លទ្ធិប្រជាធិបតេយ្យផ្តើមចាប់កំណើតមុនគេបង្អស់ នៅប្រទេសក្រិច ដែលមានអ្នកប្រាជ្ញជាច្រើន បានបង្កើតនូវទឹ្រស្តីប្រជាធិបតេយ្យ។ តំបូង លោក Solonជនជាតិក្រិច មានកំណើតប្រមាណ ៦៣៩­-៥៥៩ ឆ្នាំមុនគ្រឹស្តករាជ ។ លោកត្រូវបានដាក់ ឈ្មោះថា ជាបិតាប្រជាធិតេយ្យ របស់ក្រិចព្រោះលោកបានកែប្រែរដ្ឋធម្មនុញ្ញរបស់ ក្រិចនៅក្នុង សម័យ ដែលប្រទេសក្រិចកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយរបបអភិជនាធិបតេយ្យ (Aristocracy)។ តែលោក គ្លីសធេនីស Gleisthenes (៥៧០-៥០៧ b.c) កើតក្រោយលោក Solon ៦០ ឆ្នាំ ក៏ជាបិតាប្រជាធិបតេយ្យរបស់ក្រិចដែរ។តែអ្នកដែលគេទទួលស្គាល់នូវទ្រឹស្តី និងការរីចចំរើននៃលទ្ធិគឺលោក Periclean ភឺរីក្លែន បានធ្វើអោយ ទីក្រុងអាតែន នៃសតរត្សទី៦ និង សតវត្សទី៥ មុន គ.ស មានការកែប្រែស្ថាប័នសំខាន់ៗ ដោយពេលនោះ នយោបាយនៅក្រុង អាតែន បានបង្កើតអោយមានសភា (Assebly)ដែលមានសមាជិកពី ៥,០០០ ទៅ ៦,០០០ នាក់ ហើយសភាអាចសំរេចស្ទើររាល់បញ្ហាក្នុងស្រុកទាំងអស់ដោយការបោះឆ្នោត។   អ្នកដឹកនាំត្រូវបានជ្រើសរើសតែងតាំងដោយផ្ទាល់បោះឆ្នោតរបស់ប្រជាជនអាទែន។ ​

        រហូតដល់សតវត្សទី ១៨ លោក Montesquieu ជាអ្នកច្បាប់ និង ទស្សនៈវិទូនយោបាយ បារាំង បានបង្កើតទ្រឹស្តីនៃប្រជាធិបតេយ្យ អាស្រ័យរដ្ឋធនុញ្ញសម័យទំនើបបានត្រូវ គេចាត់ឡើង ក្នុង សម័យចលនា (Englightenment)ចំណែកនៅអឺរ៉ុប ដោយបានបដិសេធគំនិតសង្គមនានា និង នយោបាយបែបចាស់។នៅក្នុងវចនានុក្រមខ្មែរ ដែលរៀបរៀងដោយ សម្តេចសង្ឃរាជ ជួនណាត ជោតញ្ញាណ វិញព្រះអង្គបានសរសេរថា ប្រជាធិតេយ្យ គឺជាភាពនៃប្រទេសដែលមានប្រជារាស្រ្ត ជាអធិបតីគឺប្រទេសឬរដ្ឋដែលមានប្រជាជនធំក្នុ្ងងការរើសតំណាងរបស់ខ្លួនឲ្យមកធ្វើការសម្រេចកិច្ចការក្នុងប្រទេសនោះបានសេចក្តីថាត្រឹមទទួលបានសិទ្ធិជាអ្នកតំណាងតែប៉ុណ្ណោះ។ មានន័យ ថាប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់ ហើយសិទ្ធិនោះត្រវបានប្រើដោយ ឥតមានការ ភ័យក្លាច ដែលគាំពារដោយអំណាច នៅក្នុងដៃប្រជាពលរដ្ឋដោយជ្រើសរើសផ្ទាល់ ។ ជាសកល អ្វីដែលកើតមានមកបានគឺផ្តើមពីការគិតទាំង អស់ដែលអ្នកប្រាជ្ញព្យាយាមដោយ​ គោលបំណង មូយពិតប្រាកដក្នុងការងារបំរើ អោយការស់នៅរបស់មនុស្សក្នុងសង្គមមានភាពថ្លា ត្រឹមត្រូវ រីចចំរើន សន្តិភាពដោយស្មើរភាពគ្នាចំពោះមុខច្បាប់ដែលគេបានបង្កើត។

          នៅសម័យក្រោយៗមក មានការយល់ឃើញផ្សេងតាមការគិតរបស់មនុស្ស ពីមួយជំនាន់ ទៅមួយជំនាន់បានបង្កើតទ្រឹស្តី ប្រជាធិបតេយ្យ តាមការយល់នោះ ដែលមានលក្ខណៈមិនសម ស្របហើយមិនបានល្អិតល្អន់ ​ពេញលេញ ទៅនិងន័យដើម ប្រភពដើមនៃខ្លឹមសារ  ​”ប្រជាធិបតេ-យ្យ”នៅឡើយ។ បានបង្កើតអោយមានប្រជាធិបតេយ្យច្រើនបែបច្រើនយ៉ាង ដោយបានដាក់    ឈ្មោះរបបនោះ ការគ្រប់គ្រងនោះ ជាមួយនឹងពាក្យប្រជាធិបតេយ្យដែលយើងអាច កំណត់ បានហើយលើកយកមក អះអាងថាមានភាពមិនច្បាស់លាស់នៅឡើយ ហើយវាជារូបភាពក្បត់ ខ្លឹមសារទៀតផង។ ឧទាហរណ៍:ប្រជាធិបតេយ្យម៉ាស៊ីសប្រជាធិបតេយ្យប្រជាមានិតប្រជាធិប តេយ្យផ្ដាច់ការជាដើម។

​          ខ.​ ស្ថាប័ននីតិបញ្ញាត្តិឬស្ថាប័នរាស្រ្ត(ស្ថាប័នកំពូលរបស់ជាតិ)
          ក្នុងលទ្ធិប្រជាធិបតេយ្យ កាលបើនិយាយពីប្រជាធិបតេយ្យនោះមានន័យថា ប្រជាពលរដ្ឋ បានទទួលភាពជាម្ចាស់ មានសិទ្ធិអំណាចនៅក្នុងដៃរួចជាស្រេចទៅហើយ មានតែរដ្ឋ ឬ ប្រទេស ដែលមិនទានមានប្រជាធិបតេយ្យទេដែលប្រជាពលរដ្ឋមិនទានបានទទួលភាពជាម្ចាស់ និងសិទ្ធិ អំណាចនៅក្នុងដៃរបស់ខ្លួន ហើយសិទ្ធិអំណាចនោះកំណត់ត្រឹមសំលេង (៥០%+១) ដោយហេតុ នេះហើយដើម្បីអោយប្រជាពលរដ្ឋអាច ប្រើប្រាស់ឬអនុវត្ត​ សិទ្ធិ និង អំណាចរបស់ខ្លួនបាន នៅ លើទឹកដីរដ្ឋទាំងមូល តាមរយៈស្ថាប័នកំពូលដែលជាស្ថាប័នប្រជាពលរដ្ឋ មានន័យថាប្រជា ពលរដ្ឋ គឺនៅក្នុងស្ថាប័ននោះ។

          ចាប់តាំងពីដើមរៀងមកប្រជាធិតេយ្យកកើតតំបូងនៅក្រុងអាតែនដែលនៅសម័យនោះ ប្រជាពលរដ្ឋអាតែនបានអនុវត្តប្រជាធិបតេយ្យផ្ទាល់ដោយខ្លូនឯងគឺមានន័យថា ប្រជាពលរដ្ឋ អាតែនទាំងអស់ចូលទៅក្នុងរដ្ឋសភា ដើម្បីប្រជុំ ពិភាគ្សាដោះស្រាយបញ្ហា បង្កើតច្បាប់ អនុម័ត ច្បាប់ បង្កើតរដ្ឋាភិបាលអាតែន បង្កើតតុលាការ បង្កើតក្រសួងស្ថាប័នផ្សេងៗ ជាច្រើនបន្តបន្ទាប់ ពេលដែលប្រជាពលរដ្ឋកើនឡើងកាន់តែច្រើន។ រដ្ឋដើរតួកាន់តែសំខាន់ ការងារបច្ចេកទេស កាន់តែពិបាក ការទទួលខុលត្រូវកាន់តែធំ តំរូវការកាន់តែច្រើន ពេលនោះរដ្ឋចាប់ផ្តើមរីចធំ ស្ថាប័នបង្កើតកាន់តែច្រើនហើយ មានលក្ខណៈល្អិតល្អន់ស្មុកស្មាញ ហេតុនេះទាមទារ អោយ រដ្ឋសភាមានចំណេះដឹងកាន់តែខ្លាំង លើគ្រប់ផ្នែកបច្ចេកទេស ដើម្បីអនុម័តច្បាប់គ្រប់គ្រងលើ គ្រប់វិស័យ គ្រប់បណ្តាស្ថាប័នដែលបង្កើតឡើង មានការពិបាក។ ស្របពេលដែលប្រជាជន អាតែនកើនឡើងកាន់តែច្រើនផងនោះ ធ្វើអោយតំណើការរដ្ឋសភាអាតែន មិនអាចអនុវត្តតទៅ ទៀតបាន ទើបមានការកែទម្រង់ ពីប្រជាធិបតេយ្យផ្ទាល់ មកប្រជាធិបតេយ្យមិនផ្ទាល់ (ដែលហៅ ថាប្រជាធិបតេយ្យចាត់តាំងអ្នកតំណាងអោយទទួកភារកិច្ចពីប្រជាពលរដ្ឋ)។

          តែនៅមាន​វិធីមួយទៀតក្នុងការជ្រើសរើសអ្នកតំណាង របស់ម្ចាស់ប្រទេស គឺការប្រើ ប្រព័ន្ធចំរុះក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងអោយធ្វើការងារគ្រប់គ្រងជំនួសខ្លួនដែលមានចំនួនច្រើនតែខ្លួននៅតែជាម្ចាស់ទាំងអស់ ទាំងប្រជារាស្ត្រទាំងអ្នកតំណាងចំពោះមុខច្បាប់ទាំង អស់គ្នា។