ប្រវត្តិលំអិតជាភាសាអគ្លេស នៅទីនេះ
Pheng Vannak News ព័ត៌មានសម្ងាត់ពីចារកម្មចិន និងបារាំង ទើបធ្វើឱ្យសម្ដេចព្រះ នរោត្តម សីហនុ អាចកម្ចាត់ក្រុមក្បត់ដែលរណប CIA នៅឆ្នាំ១៩៥៩ បាន។
នៅអំឡុងឆ្នាំ១៩៥៩ រដ្ឋអំណាចសង្គមរាស្ត្រនិយមបានបញ្ចេញកម្លាំងប្រដាប់អាវុធ តាមកម្ចាត់ក្រុមជនក្បត់ជាតិដែលរណបទីភ្នាក់ងារ CIA របស់អាមេរិក ក្នុងនោះមេដឹកនាំដែលសកម្មខ្លាំងជាងគេមានដូចជា សឹង ង៉ុកថាញ់, សម សារី, ដាប ឈួន, ស្លាត ពៅ ជាដើម។ ស្របតាមខ្សែញាក់របស់ក្រុមប្រទេសប្លុកសេរី គម្រោងការរបស់ពួកគេ គឺចង់ផ្ដួលរំលំ សម្ដេចព្រះនរោត្តម សីហនុ ចេញពីអំណាចតែម្ដង។
សៀវភៅ «អាស៉ីអាគ្នេយ៍២០ឆ្នាំក្នុងសង្គ្រាម CIA» បានដែលបោះពុម្ពផ្សាយនៅកម្ពុជាបានរៀបរាប់ឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមជនក្បត់ជាតិខាងលើនេះ ក៏មានការចូលរួមពីភ្នាក់ងារចារកិច្ចរបស់សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋបារាំងផងដែរ ដោយស្ថានទូតប្រទេសទាំងពីរបានបញ្ជូនសារសម្ងាត់មួយចំនួន ថ្វាយសម្ដេចព្រះនរោត្តម សីហនុ ជាមុន ដើម្បីលាតត្រដាងពីគម្រោងការអាក្រក់របស់ក្រុមជនក្បត់ជាតិទាំងនោះ។ មុនឈានដល់ការបង្ក្រាបនេះ ទំនាក់ទំនងការទូតរវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិកបានរំកិលបែរខ្នងចេញពីគ្នាបន្តិចម្ដងៗ បន្ទាប់ពីមេក្រុមប្លុកសេរីមួយនេះ ព្យាយាមអូសទាញកម្ពុជាឱ្យចូលដៃជាមួយអង្គការ SEATO មិនបានសម្រេច។ ប្រការនេះ បានធ្វើឱ្យទំនាក់់ទំនងនយោបាយរវាងប្រទេសទាំងពីរកាន់តែរង្គោះរង្គើខ្លាំងឡើងៗ រីឯប្រទេសអមិត្តមួយចំនួនដែលរណបជាមួយអាមេរិកផងនោះ ក៏បានចូលដៃគ្នាធ្វើទុក្ខបុកម្នេញមកលើកម្ពុជារកក្ដីពុំបាន។ ក្រុមប្រទេសប្លុកសេរីមានគំនិតចង់ឱ្យកម្ពុជាចូលរួមជាមួយបក្សពួកខ្លួន ដើម្បីប្រឆាំងទប់ស្កាត់ឥទ្ធិពលកុម្មុយនិស្ដនៅអាស៊ីអាគ្នេយ៍ ដែលមានវៀតណាមខាងជើង និងចិន ជាអ្នកសកម្មជាងគេ។ ប៉ុន្តែកម្ពុជាបានជ្រើសរើសយកនយោបាយអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធណាមួយឡើយ ដែលជាហេតុធ្វើឱ្យប្រទេសប្លុកសេរីទាំងនោះខកចិត្ត និងខឹងសម្បារជាមួយកម្ពុជាយ៉ាងខ្លាំង។